គោលការណ៍ 10 យ៉ាងនាំឲ្យចងចាំមេរៀនបានល្អ
1. ត្រូវ មានទឹកចិត្តស្រឡាញ់ចំណេះដឹង លុះត្រាណាតែពេញចិត្តនឹងការរៀន ទើបរៀនទៅចងចាំមេរៀនបានល្អ បើមិនមានចិត្តរៀនហើយពិបាកចងចាំណាស់។
2. ជ្រើសរើសយកគោលសំខាន់នៃមេរៀនយកមករៀន រួចស្វែងយល់លម្អិតលើចំនុចធំៗនីមួយៗ។ ចំនុចគោលធំៗប្រៀបដូចជាមេដែក ចំណែកឯចំនុចលំអិតប្រៀបបានដូចជាកំទេចដែក កាលណាយើងចាប់បានមេដែកហើយ នោះយើងអាចស្រូបទាញយកកំទេចដែកបានដោយងាយ។ វិធីនេះជួយមិនឲ្យខួរក្បាលនឿយហត់ខ្លាំងពេក ពោលគឺចាប់យកតែចំនុចធំៗមកពិចារណា។
3. រៀនដើម្បីចេះ មិនមែនរៀនតែពេលប្រឡងទេ ដូច្នេះជានិច្ចកាលចូរខិតខំរៀន និងចងចាំខ្លឹមសារមេរៀន។
4. ចេះចំណេះដឹងមូលដ្ឋានកាន់តែច្រើនកាន់តែល្អ ៖ ប្រសិនបើយើងស្តាប់រឿងអ្វីមួយដែលថ្មីស្រឡាងនោះយើងពិបាកចាប់បាន អត្ថន័យទាំងស្រុងណាស់ តែបើយើងធ្លាប់ដឹង ឬមានបទពិសោធន៍វិញ នោះយើងនឹងចាប់បានខ្លឹមសារដោយងាយ។ និស្សិតភាគច្រើនតែងយល់ច្រឡំថាការរៀនមុខវិជ្ជានៅឆ្នាំមូលដ្ឋាន ក្រៅពីជំនាញរបស់ខ្លួនគឺជារឿងឥតប្រយោជន៍ តាមការពិតវាជួយឲ្យពួកគេងាយចាប់បាន ងាយសិក្សាជំនាញផ្សេងទៀត។ មុខអាជីពនាពេលអនាគត តែងចាប់ផ្តើមពីការសិក្សានៅឆ្នាំទី 1។
5. រៀបចំចំណេះដឹងឲ្យមានរបៀបរៀបរយ ប្រសិនបើអ្នកចង់ទិញរបស់ទាំងអស់ខាងក្រោមនេះ អ្នកប្រាកដជាពិបាកចងចាំទាំងអស់ណាស់ : សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត…។ តែបើអ្នករៀបចំជាផ្នែកៗវិញ ពិតជាពុំសូវពិបាកចាំទេ :
- បន្លែ : ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត
- សាច់ : សាច់គោ សាច់ក្រក ត្រីងៀត
- សម្ភារ : រោងជាង : ដែកគោល ពូថៅ ជក់
- សម្ភារ : សិក្សា : សៀវភៅ ប៊ិច
6. ទន្ទេញ : ដើម្បីឲ្យចងចាំបានយូរ គ្មានអ្វីប្រសើរជាងការទន្ទេញទេ។ ចូររៀបចំមេរៀនឲ្យមានលំដាប់លំដោយ រួចហើយទន្ទេញឲ្យចាំ។ ពេលទន្ទេញចូរអានឲ្យលឺៗ ឬសរសេរ ឬ គូសវាស ធ្វើបែបនេះជួយឲ្យងាយចងចាំបានល្អ។
7. សង្ខេប : អ្នកចិត្តវិទ្យាជឿថា ខួរក្បាលរបស់មនុស្សត្រូវការពេល 4 វិនាទី ទៅ 15 វិនាទី ដើម្បីបង្រួមព័ត៌មានដែលទទួលបាន។ ព័ត៌មានដែលអ្នកទទួលបានពីមេរៀននីមួយៗ នៅមានសភាពទូលាយនៅឡើយ ដូចនេះអ្នកគួរតែរកពេលវេលាបង្រួមសង្ខេបវាឲ្យងាយស្រួលចងចាំ។ អ្នកគួរអានមេរៀនត្រួសៗឡើងវិញពេលរៀនចប់ភ្លាមៗដើម្បីឲ្យខួរ ក្បាលងាយស្រួលចងចាំទុក។ បើទន្ទេញទៀត កាន់តែប្រសើរ។
8. បែងចែកពេលវេលាខ្លីៗសិក្សា : វិធីនេះមានប្រយោជន៍ជាងសិក្សារយៈពេលច្រើនម៉ោងដោយមិនសម្រាក ពីព្រោះ (1) រាងកាយនិងអារម្មណ៍បានសម្រាក (2) មានអារម្មណ៍ក្លៀវក្លាក្នុងការសិក្សា (3) អស់បញ្ហារឿងមុខវិជ្ជាដែលមិនចូលចិត្តរៀន ព្រោះរៀនតិចៗខ្លីៗ (4) សន្ទុះសិក្សាកើនឡើង ខួរក្បាលបើកទូលាយចំពោះរឿងអតីតកាលនិងអនាគតកាល។ ការរៀនដោយប្រើពេលខ្លីៗរួមមានដូចជា : រៀនពេលចេញលេងម្តងៗ រៀនពេលដើរមកថ្នាក់រៀន ឬរៀនពេលដើរទៅចំណតម៉ូតូ/ឡាន ដែលប្រើរយៈពេលត្រឹម 5 នាទី ឬ 10 នាទី។
9. ប្រើលំនឹកគិត ឬរូបភាពជួយដល់ការចងចាំ ដូចជាប្រើដ្យាក្រាមជាដើម ដែលធ្វើឲ្យខួរក្បាលដើរ 100%។ អ្នកវិទ្យាសាស្ត្ររកឃើញថា ខួរក្បាលមនុស្សចែកជាពីរផ្នែក ខាងឆ្វេងសម្រាប់ទទួលព័ត៌មានជាសូរសំលេង ឯខាងស្តាំសម្រាប់ទទួលព័ត៌មានជារូបភាព(ឃើញភ្នែក)។ ប្រសិនបើអ្នកទន្ទេញមេរៀនតាមតែពាក្យនោះមានន័យថាប្រើបានតែ ចំណែកម្ខាងរបស់ខួរក្បាលតែប៉ុណ្ណោះ។ តែបើអ្នកទន្ទេញដោយប្រើពាក្យគួបផ្សំជាមួយនិងរូបភាព ឬគំនូសតាង ផ្សេងៗ នោះអ្នកនឹងបានប្រើនូវថាមពលពេញលេញរបស់ខួរក្បាល។
10. យករូបភាពឬវត្ថុតាងណាមួយទុកជាការចំណាំផ្ទាល់ខ្លួន ឧទាហរណ៍យកមេរៀនចាស់ដែលយើងចាំបានល្អហើយ មកភ្ជាប់ជាមួយមេរៀនថ្មី ធ្វើដូច្នេះពេលណានឹកដល់មេរៀនចាស់ មេរៀនថ្មីក៏លេចផុសឡើង ងាយស្រួលចាំ មិនបាច់ប្រើកម្លាំងគិតច្រើន។
0 comments:
Post a Comment